សេចក្តីស្រឡាញ់

១-     នេះនឹងថ្លាថ្លែងចែងចារចង    លើកតាមល្បិចល្បងដោយវិជ្ជា
         ប្រាំពីរពាក្យពិតគិតបួនឃ្លា          ចេះតាមពណ៌នាសញ្ញាថ្មី ។ 

២-     ថាបើខ្ញុំចេះគ្រប់ភាសា               មនុស្សជាតិនានាទេវតាក្តី
         មិនបានសម្រេចដូចហឫទ័យ         ព្រោះនៅខ្វះក្តីស្រឡាញ់នេះ។ 

៣-     ប្រៀបដូចលង្ហិនឬដូចឈឹង     ដែលឮទ្រហឹងខ្លាំងដល់ម្លេះ  
          ក៏គ្មានអំណាចនិងតេជ               ព្រោះខ្ញុំបានលះក្តីស្រឡាញ់។ 

៤-     ខ្ញុំចេះអធិប្បាយស្គាល់សេចក្តី        យល់អស់ទាំងន័យអាថ៌កំបាំង
         វិជ្ជាផ្សេងៗហើយព្រមទាំង          ជំនឿមាំខ្លាំងរើភ្នំបាន  ។ 

៥-     បើខ្វះសេចក្តីស្រឡាញ់ព្រះ           ក៏ដូចខ្ញុំខ្វះទាំងប៉ុន្មាន
         មិនអាចបំពេញចិត្តខ្ញុំបាន             ព្រោះហេតុខ្ញុំគ្មានក្តីស្រឡាញ់ ។

៦-     ទោះខ្ញុំខំចែកទ្រព្យទាំងអស់         ឱ្យកាយទាំងរស់ឥតកំណាញ់
         ទៅដុតបូជាយ៉ាងណាមិញ           ខ្វះក្តីស្រឡាញ់ឥតប្រយោជន៍  ។

៧-     សេចក្តីស្រឡាញ់ធំធេងណាស់      មិនប្រែក្រឡាស់ឬរុះរោចន៍
         មិនប្រកាន់ខឹងឬយកទោស         មានចិត្តសន្តោសហើយសប្បុរស។ 

៨-     មិនចេះឈ្នានីសឬអួតខ្លួន               មិនចេះគុំកួនឬកុហក 
         មិនដែលធ្វើអ្វីនាំឱ្យល្អក់         ចិន្តាស្មគ្រ័ស្មោះអស់ហឫទ័យ  ។ 
  
៩-     មិនយកប្រយោជន៍តែខ្លនឯង       ទោះបីយើងគេទាំងប្រុសស្រី
         អំពើទុច្ចរិតចិត្តពីរបី                      លះចោលចេញខ្មីមិនទុកនៅ។ 

១០-     សប្បាយតែនឹងក្តីសុចរិត         ក៏គ្របបាំងជិតអ្វីទូទៅ
           ជំនឿសង្ឃឹមថិតថេរនៅ          ទ្រាំទ្រគ្រប់ផ្លូវបានទាំងអស់ ។

១១-     ភាសាដទៃឈប់និយាយ        ចំណេះទាំងឡាយក៏សូន្យសោះ
    សេចក្តីស្រឡាញ់មិនចេះអស់       ដ្បិតយើងចេះនោះមិនពោរពេញ។ 

១២-     ប្រសិនបើចេះគ្រប់សព្វស្មោះ         មិនពេញខ្នាតនោះក៏ថយចេញ
    ឯក្តីគ្រប់លក្ខណ៍ក៏ចូលវិញ            អធិប្បាយក៏ពេញពោរតាមខ្នាត។ 

១៣-     ដូចកាលខ្ញុំក្មេងគំនិតក្មេង             ការនិយាយលេងនៅខ្វះខាត
    ព្រោះខ្ញុំនៅក្មេងមិនសង្វាត            ភាពមិនសូវស្អាតព្រោះខ្លួនក្មេង។ 

១៤-     លុះដល់ខ្ញុំធំឡើងកាលណា             លះបង់ការងារដែលខ្ញុំលេង
    ប្រៀបដូចកញ្ចក់ភ្លឺថ្លាឈ្វេង           ឆ្លូុះឃើញខ្លួនឯងមិនស្រឡះ។ 

១៥-     ដោយព្រោះគម្ពីរបានសំដែង          ឱ្យឃើញរូបឯងតែមិនច្បាស់
    សល់ការប្រព្រឹត្តមិនគិតខ្មាស់         តែវេលានោះស្គាល់ច្បាស់វិញ។

១៦-     ក៏ដូចជាព្រះទ្រង់ស្គាល់ដែរ            ទោះបីខ្ញុំខ្មែរតែពោរពេញ
           សេចក្តីស្រឡាញ់មិនទោម្នេញ      ខ្ញុំតាមបំពេញហឫទ័យទ្រង់។

១៧-     ជំនឿសង្ឃឹមនិងស្រឡាញ់          អារក្សចុះចាញ់រួញក្រាបអង្គ
    ស្រឡាញ់វិសេសលើសទាំងសង      ជឿសង្ឃឹមផងមិនស្មើថ្លៃ ។

១៨-      ច្នេះចូរដេញតាមក្តីស្រឡាញ់        វេញចិត្តត្របាញ់ឥតមោះមៃ
    ខំបើកចំហដួងហឫទ័យ              ទទួលសេចក្តីស្រឡាញ់ពិត ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ដោយសារព្រះដ៏មានជ័យ ទំនុក​ខ្មែរ​បរិសុទ្ធ # 295

ទ្រង់ស៊ូលោះខ្ញុំនៅត្រង់ភ្នំកាល់វ៉ារី ទំនុក​ខ្មែរ​បរិសុទ្ធ # 53

ទៅមុខគ្រីស្ទជនអើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 167

ឱ បើ​មាន​ចិត្ត​ស្អាត​ទៅ​អេះ ទំនុក​តម្កើង # 9

រស់ក្នុងគ្រួសារនៃព្រះ ទំនុក​ខ្មែរ​បរិសុទ្ធ # 240

តើគួរឱ្យខ្ញុំទុកព្រះអង្គស្មើអ្វី? ទំនុក​ខ្មែរ​បរិសុទ្ធ # 8

ថ្នាក់​ខ្ពស់​ជាង ទំនុក​តម្កើង # 127

ចម្រៀងឆ្នាំថ្មី ទំនុក​ខ្មែរ​បរិសុទ្ធ # 287

រងទុក្ខមាននៅខ្លីពេលសួស្តីនៅឋិតថេរ ទំនុក​ខ្មែរ​បរិសុទ្ធ # 256

អំណរពីព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 247